វិបត្តិ​អក្ខរាវិរុទ្ធ​ខ្មែរ គួរ​ដោះ​ស្រាយ​យ៉ាង​ដូច​ម្ដេច?


កន្លង​មក អ្នក​ប្រើ​ប្រាស់​អក្សរ​ខ្មែរ ធ្លាប់​ប្រទាញ​ប្រទង់​គ្នា​យ៉ាង​ខ្លាំង​ ជុំវិញ​ការ​ប្រើប្រាស់​សំណេរ​​ព្យាង្គ​តម្រួត និង​ព្យាង្គ​រាយ។ ភាព​ប្រទាញ​ប្រទង់​នោះ​បាន​បញ្ចប់ នៅ​ពេល​រដ្ឋាភិបាល​កម្ពុជា​សម្រេច​ឲ្យ​ប្រើ​ប្រាស់​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត​ នៅ​ឆ្នាំ​២០១០​។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ រហូត​មក​ទល់​ពេល​នេះ ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ​នៅ​តែ​ជួប​បញ្ហា ជា​ពិសេស​គឺ​កំហុស​អក្ខរាវិរុទ្ធ។ កំហុស​អក្ខរាវិរុទ្ធ ដែល​គេ​សង្កេត​ឃើញ​នៅ​តាម​គេហទំព័រ ​កាសែត ទស្សនាវដ្ដី និង​សៀវភៅ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ។ នៅ​ចំពោះ​មុខ​វិបត្តិ​អក្ខរាវិរុទ្ធ​ដូច្នេះ តើ​គេ​គួរ​តែ​ដោះ​ស្រាយ​យ៉ាង​ដូច​ម្ដេច?

ឯកសារ សៀវភៅ សំណេរ​នៅ​លើ​គេហទំព័រ និង​ការ​បោះពុម្ព​ទាំងឡាយ គឺ​ជា​មរតក​ដ៏​មាន​តម្លៃ សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។ ប៉ុន្តែ គួរ​ឲ្យ​សោក​ស្ដាយ! សៀវភៅ​ភាគ​ច្រើន​លើស​លុប​ដែល​បោះ​ពុម្ព ចែក​ផ្សាយ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​សព្វ​ថ្ងៃ មាន​តិច​តួច​ណាស់ ដែល​បាន​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យ និង​កែ​តម្រូវ​ឲ្យ​បាន​ម៉ត់ចត់។ ម្ល៉ោះ​ហើយ កំហុស​អក្ខរាវិរុទ្ធ ឬ​កំហុស​បច្ចេកទេស​ផ្សេង​ៗ តែង​តែ​កើត​ឡើង​ជា​ញឹក​ញាប់។ កំហុស​នេះ​បង្កើត​ជា​វិបត្តិ​រ៉ាំរ៉ៃ នៅ​ក្នុង​វិស័យ​អក្សរសាស្ត្រ​ខ្មែរ​ ដោយ​ចំពោះ​ការ​ប្រើ​ប្រាស់​សំណេរ។ កូន​ខ្មែរ​ជំនាន់​ក្រោយ​ទៅ​ជា​វង្វេង ប្រើ​ប្រាស់​អក្សរ និង​អក្ខរាវិរុទ្ធ​ខ្មែរ​មិន​ត្រឹម​ត្រូវ។

ក្នុង​បរិបទ​ដូច្នេះ អ្នក​ជំនាញ​មួយ​ចំនួន​បាន​ណែនាំ​ជា​ដំណោះ​ស្រាយ​ថា គ្រឹះស្ថាន​ទាំង​ឡាយ​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការងារ​បោះ​ពុម្ព​ផ្សាយ ទាំង​រដ្ឋ​និង​ឯកជន គួរ​តែ​បង្កើត​ក្រុម​បណ្ណាធិការ ដើម្បី​ត្រួត​ពិនិត្យ​ការងារ​ទាំង​ឡាយ មុន​នឹង​បោះ​ពុម្ព​ផ្សាយ​ជា​សាធារណៈ។

មុន​នឹង​និយាយ​ដល់​សារ​ និយាយ​ដល់​ការងារ តួនាទី និង​សារៈ​សំខាន់​នៃ​បណ្ណាធិការ គេ​ត្រូវ​យល់​ជាមុន​សិន​អំពី​បណ្ណាធិការ។ តើ​បណ្ណាធិការ ជា​នរណា?

បើ​តាម​វចនានុក្រម​សម្ដេច​ព្រះ​សង្ឃរាជ​ជួន ណាត បណ្ណាធិការ គឺ​ជា​អធិការ​នៃ​សារព័ត៌មាន​ ជា​អ្នក​កាន់​កាប់ ឬ​ទទួល​ខុស​ត្រូវ​ខាង​កាសែត ឬ​ទស្សនាវដ្ដី​ផ្សេង​ៗ។ សព្វ​ថ្ងៃ ស្ថាប័ន​មួយ​ចំនួន ហៅ​បណ្ណាធិការ​ថា និពន្ធ​នាយក។ បណ្ណាធិការ​ ឬ​និពន្ធ​នាយក​នេះ គឺ​ជា​អ្នក​នៅ​ពី​ក្រោយ​អ្នក​និពន្ធ និង​ត្រូវ​ពិនិត្យ​ទាំង​ស្រុង​ទៅ​លើ​អត្ថន័យ ខ្លឹមសារ វេយ្យាករណ៍ អក្ខរាវិរុទ្ធ​ ព្រម​ទាំង​រចនាបទ​របស់​សៀវភៅ ឬ​អត្ថបទ។ បណ្ណាធិការ គឺ​ជា​អ្នក​ដែល​ផ្ទៀង​ផ្ទាត់ ព្រម​ទាំង​កែ​តម្រូវ​នូវ​ចំណុច​ខ្វះ​ខាត​នានា របស់​អ្នក​និពន្ធ មុន​នឹង​បោះពុម្ព​ផ្សាយ​ជា​ផ្លូវ​ការ។

នៅ​ក្នុង​ដំណើរ​ការ​នៃ​ការ​បោះ​ពុម្ព​ផ្សាយ​ឯកសារ ឬ​សៀវភៅ​ផ្សេង​ៗ បណ្ណាធិការ​ដើរ​តួនាទី​សំខាន់​ណាស់។ បន្ទាប់ពី​អ្នក​និពន្ធ​បញ្ចប់​ការងារ​របស់​ខ្លួន គឺ​មាន​តែ​បណ្ណាធិការ​នេះ​ហើយ ​ដែល​ត្រូវ​ពិនិត្យ​ និង​កែ​សម្រួល​ទៅ​លើ​ឃ្លោង​ឃ្លា​ប្រយោគ អក្ខរាវិរុទ្ធ និង​ខ្លឹម​សារ​របស់​អត្ថបទ​។ បន្ថែម​ពី​លើ​នេះ បណ្ណាធិការ​ត្រូវ​ពិនិត្យ​ទៅ​លើ​រូប​ភាព ព្រម​ទាំង​រចនាបទ​របស់​សៀវភៅ ឬ​ឯកសារ​ដែល​ត្រូវ​បោះ​ពុម្ព​ផ្សាយ ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់ទាញ​អ្នក​អាន និង​ជា​ពិសេស ដើម្បី​ឲ្យ​សៀវភៅ​ឬ​ឯកសារ​នោះ អាច​ទទួល​យក​បាន​ជា​សកល។

ហេតុ​អ្វី​បាន​ជាគេ​ចាំ​បាច់​ត្រូវ​ការ​​បណ្ណាធិការ នៅ​ក្នុង​ពេល​ដែល​មាន​អ្នក​និពន្ធ​រួច​ទៅ​ហើយ? មែន​ទែន​ទៅ ថ្វី​ត្បិត​តែមាន​អ្នក​និពន្ធ​ដែល​ជា​ម្ចាស់​ស្នាដៃ ផ្ទៀង​ផ្ទាត់​ការងារ​ហើយ​ក៏​ដោយ ក៏​កំហុស​នៅ​តែ​អាច​កើត​មាន​អ៊ីចឹង។ ព្រោះ​សូម​កុំ​ភ្លេច​ថា អ្នក​និពន្ធ តែង​តែ​យល់​ថា​ស្នាដៃ​របស់​ខ្លួន​ល្អ ហើយ​ជានិច្ច​ជាកាល គឺ​តែង​តែ​ការពារ​ស្នាដៃ​របស់​ខ្លួន។ ដូច្នេះ​មាន​តែ​បណ្ណាធិការ​ទេ ដែល​អាច​ពិនិត្យ និង​កែ​សម្រួល​លើ​ស្នាដៃ​របស់​អ្នក​និពន្ធ​បាន។ ក្នុង​ករណី​មាន​កំហុស បណ្ណាធិការ និង​អ្នក​និពន្ធ​អាច​ជជែក​គ្នា និង​ធ្វើ​ការ​រួម​គ្នា ដើម្បី​កែ​សម្រួល​កំហុស​នោះ​បាន មុន​នឹង​ទម្លាក់​ស្នាដៃ​នោះ​ទៅ​រោងពុម្ព​ដើម្បី​បោះ​ផ្សាយ។

យ៉ាង​ណា​ក៏​ដោយ វត្តមាន​បណ្ណាធិការ​នៅ​ក្នុង​ដំណើរ​ការ​បោះ​ពុម្ព​ផ្សាយ មិន​មែន​មាន​ន័យ​ថា សៀវភៅ​ឬ​ឯកសារ​ដែល​បោះ​ផ្សាយ ក្លាយ​ជា​ល្អ​ឥត​ខ្ចោះ គ្មាន​កំហុស​ឆ្គង​ទាល់​តែ​សោះ​នោះ​ឡើយ។ កំហុស​នៅ​តែ​អាច​កើត​មាន​ឡើង ប៉ុន្តែ​គេ​ស្ទើរ​តែ​អាច​ធានា​បាន​ថា វា​មាន​បរិមាណ​តិច​តួច​បំផុត។ នៅ​ក្នុង​ការ​បោះ​ពុម្ព​សៀវភៅ ឬ​ឯកសារ​ណា​ក៏​ដោយ កំហុស​មិន​ត្រឹម​តែ​អាច​ធ្វើឲ្យ​អ្នក​អាន​ភ័ន្ត​ច្រឡំ​ទេ ពេល​ខ្លះ វា​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​អ្នក​និពន្ធ​ទទួល​រង​ការ​រិះ​គន់ និង​ធ្វើឲ្យ​ស្ថាប័ន​ឬ​គ្រឹះស្ថាន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​ផ្សាយ​នោះ ធ្លាក់​ចុះ​ប្រជាប្រិយភាព​ថែម​ទៀត​ផង។

មែន​ទែន​ទៅ វិបត្តិ​នៃ​ការ​ប្រើ​ប្រាស់​អក្សរ​ខ្មែរ ជា​ពិសេស​គឺ​កំហុស​អក្ខរាវិរុទ្ធ​ មិន​មែន​មាន​តែ​នៅ​តាម​គេហទំព័រ ​កាសែត ទស្សនាវដ្ដី និង​សៀវភៅ​ផ្សេង​ៗ​ដែល​ត្រូវ​បាន​បោះ​ពុម្ព​ផ្សាយ​ប៉ុណ្ណោះ​ទេ។ ប៉ុន្តែ​ឯកសារ​ទាំង​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​គ្រឹះ ជា​មរតក គឺ​ជា​មរតក​ដ៏​មាន​តម្លៃ ដែល​ត្រូវ​ថែ​រក្សា​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ។

ដូច្នេះ ស្ថាប័ន​ឬ​គ្រឹះស្ថាន​ដែល​ធ្វើ​ការ​ពាក់ព័ន្ធ​នឹង​ការ​បោះ​ពុម្ព​ផ្សាយ គួរ​តែ​បង្កើត​ឲ្យ​មាន​បណ្ណាធិការ ឬ​ក្រុម​បណ្ណាធិការ ដើម្បី​ត្រួត​ពិនិត្យ និង​ផ្ទៀងផ្ទាត់​ការងារ​ដែល​ត្រូវ​បោះ​ពុម្ព​ផ្សាយ​ មុន​នឹង​បញ្ជូន​ទៅ​រោង​ពុម្ព។ នៅ​ក្នុង​បរិបទ​សង្គម​ខ្មែរ​សព្វ​ថ្ងៃ ការ​រៀបចំ​ឲ្យ​មាន​បណ្ណាធិការ​នៅ​តាម​គ្រឹះ​ស្ថាន​បោះ​ពុម្ព​ផ្សាយ​សំខាន់​ៗ អាច​ជា​គន្លឹះ​មួយ​សំខាន់ ក្នុង​ការ​​រួម​ចំណែក​កាត់​បន្ថយ​​​វិបត្តិ​អក្ខរាវិរុទ្ធ​នេះ៕
____________________________
អត្ថបទពី : វិទ្យុបារាំង

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.