ប្រធានបទ ពុម្ព​អក្សរ​ខ្មែរ​មាន​តែ​អ្នក​ប្រើ តែ​គ្មាន​អ្នក​លើក​ទឹកចិត្ត



ភ្ញៀវ ក្រុមអ្នករចនាពុម្ពអក្សរខ្មែរ Khmer Font Designer Group
ប្រធានបទ ពុម្ព​អក្សរ​ខ្មែរ​មាន​តែ​អ្នក​ប្រើ តែ​គ្មាន​អ្នក​លើក​ទឹកចិត្ត

សំនួរ ៖
១- ភ្ញៀវ​ណែនាំខ្លួន
- នៅ សំណាង (អាក្បាលធំ) អ្នកអភិបាលក្រុម និងជា​អ្នកគ្រប់គ្រង www.aksorkhmer.com
- ឆូយ ប៊ុនសុខហេង (អាយកម្ពុជា) អ្នកអភិបាលក្រុម
- នូ សុវណ្ណារោត (អាស្វាដែក) អ្នកអភិបាលក្រុម

២- តើ​ «ក្រុមអ្នករចនាពុម្ព​អក្សរ​ខ្មែរ» បង្កើត​ឡើង​នៅ​ពេល​ណា​មក? ដំបូង​មាន​សមាជិក​ប៉ុន្មាន?
- «ក្រុមអ្នករចនាពុម្ព​អក្សរ​ខ្មែរ» បង្កើត​ឡើង​នៅ​ដើមឆ្នាំ ២០១៤ ។
- ដំបូង​មាន​សមាជិក​តែ ៣០នាក់ (អ្នក​ចង់​ចេះ​រចនា​ពុម្ព​អក្សរ​)
- តែ​មក​ដល់​ពេលនេះ​មាន​ដល់ ៣៤ពាន់នាក់ (នៃ​អ្នក​ចង់​ដឹង​ពី​ពុម្ព​អក្សរ​ខ្មែរ)។

៣- ការ​បង្កើត​ពុម្ព​អក្សរ​នីមួយៗ ត្រូវ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា? ហើយ​ជួប​ការ​លំបាក​អ្វី​ខ្លះ?
- ការ​បង្កើត​ពុម្ព​នីមួយៗ​ត្រូវ​ចំណាយ​ពេល​លឿន​បំផុត ១សប្ដាហ៍ ទៅដល់ ៣ ខែ តាម​ស្រួល​ឬ​ពិបាក ។

- ការ​លំបាក​គឺ​យើង​មិន​អាច​អង្គុយ​រចនា​រហូត​ដូច​គេ​ធ្វើការងារ​ផ្សេងៗ​នោះទេ ព្រោះ​មិន​មែនជា​ការងារ​ ដែល​គេជួល​ឲ្យ​ធ្វើ ។ ពួក​យើង​ធ្វើ​ពុម្ព​អក្សរ​ថ្មីៗ​នេះ​ឡើង​គឺ​ចង់​ឲ្យ​ពុម្ព​អក្សរ​ខ្មែរ​សម្បូរ​ដូច​ប្រទេស​ជិត​ ខាងយើង ហើយ​រចនា​ដោយ​គោរព​ទម្រង់ ឬរចនាបទ​អក្សរ​ខ្មែរ មិនហ៊ាន​បង្ហួស ឲ្យ​ជ្រុលមើលមិន​ដាច់​ នោះ​ទេ ។

៤- ឃើញ​មាន​អ្នក​គាំទ្រ ទាញយក​ទៅ​ប្រើ​ច្រើន​ដែរ តែ​ហេតុអ្វី​ក៏​ក្រុម​នេះ​ពេល​នេះ​សម្រេច​បោះបង់​ការងារ​នេះ​ចោល?
- ពួក​យើង​បាន​ដាក់​ឲ្យ​ទាញ​យក​ពុម្ព​អក្សរ​ថ្មីៗ សម្រាប់​យក​ទៅ​ប្រើ​ក្នុង​ផ្លូវ​មិន​ពាណិជ្ជកម្ម (គឺ​មិន​ ទាក់ទង​នឹង​ការ​រកលុយ ឬ​ផល​ចំណេញ) តែ​អ្នក​ប្រើប្រាស់​មិន​បាន​គោរព​សិទ្ធ​អ្នក​រចនា​ពុម្ព​ដោយ​ប្រើ​ ក្នុង​ផ្លូវ​ពាណិជ្ជកម្ម ដោយ​មិន​ទិញ​«សិទ្ធ​ប្រើប្រាស់​ពុម្ព​អក្សរ​ខ្មែរ» ដែល​ធ្វើ​ឲ្យ​អ្នក​រចនា​គ្មាន​ចំណូល សម្រាប់​ទ្រទ្រង់​ការងារ​រចនា​ពុម្ព​បន្ត​ទៀត​បាន ។

៥- ចុះ​ហេតុអ្វី​ក៏​យើង​មិន​ដាក់​តែ​គំរូ​ប៉ុន្មាន​អក្សរ​ឲ្យ​គេ​ទាញ​ប្រើ​សិន ហើយ​សល់​ប៉ុន្មាន​តម្រូវ​ឲ្យ​គេ​ទិញ?
- ដោយសារ​មក​ពី​ក្រុម​​​ពួក​យើង​ខ្ញុំ មិន​មែន​ជា​ក្រុមហ៊ុន​ដែល​មើល​ឃើញ​តែ​ផល​ចំណេញ​សុទ្ធ​នោះ​ទេ ពួក​យើង​មិន​ចង់​ធ្វើ​ឲ្យ​អ្នក​យក​ពុម្ព​អក្សរ​ទៅ​ប្រើ​ក្នុង​ផ្លូវ​មិន​ពាណិជ្ជកម្ម មាន​ផល​លំបាក​ដោយសារ​ពុម្ព​ អក្សរ​មិន​ពេញ​លក្ខណៈ មិន​ដើរ​ជាមួយ​កម្មវិធី​រចនា​ធំៗ ឬ​មិន​ដើរ​ជាមួយ​ Mac OS ទេ។ ពួក​យើង​ដាក់​ ឲ្យ​ប្រើ​ពុម្ព​អក្សរ​ដែល​ពេញ​លក្ខណៈ ដើរ​ជាមួយ​ Windows OS និង Mac OS និង​កម្មវិធី​រចនា​ធំៗ​ ដូចជា Adobe Photoshop ជាដើម ដោយ​សង្ឃឹម​ថា ក្រុម​អ្នក​ប្រើប្រាស់​ដែល​បាន​ផល​កំរៃ​ពី​ការ​ ប្រើប្រាស់​ពុម្ព​អក្សរ​ខាង​ពួក​យើង​ ភ្ញាក់​រលឹក ទិញ​សិទ្ធ​ប្រើប្រាស់​ពុម្ព​អក្សរ ដោយ​កាត់​ចេញ​ពី​ចំណែក​នៃ​ ផល​ចំណេញ​របស់​ពួក​គេ ជា​ពិសេស​ផលិត​កម្មធំៗ ដែល​ខ្ញុំ​មិន​ចង់​បញ្ចេញ​ឈ្មោះ នោះទេ ។​

៦- មក​ដល់​ពេល​នេះ ក្រុម​បង​បង្កើត​ពុម្ព​អក្សរ​បាន​ប៉ុន្មាន​ហើយ? ពុម្ព​មួយ​ណា​ដែល​គេ​គាំទ្រ​ច្រើន​ជាង​គេ?
- ដោយ​សារ​ក្រុម​ពួកយើង​បាន​បង្កើត​គេហទំព័រ​សម្រាប់​ប្រមូល​ផ្ដុំ​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ពួក​យើង​បាន​ ប្រមូល​ពុម្ព​អក្សរ​ដែល​ដាក់​ឲ្យ​ទាញ​យក​បាន​ចំនួនជាង ៥០០ ពុម្ព​អក្សរ ដែល​គិត​ទាំង​ពុម្ពទ្រេត ។

- ពុម្ព​ដែល​បាន​គេ​ប្រើ​ច្រើនជាង​គឺ ពុម្ព​ចំណងជើង ដែល​គេ​ចូលចិត្ត​ប្រើ​សម្រាប់​សរសេរ​ក្នុង​កម្មវិធី​ ផ្សេងៗ ហើយ​ពុម្ព​អក្សរ​ដែល​មាន​ជា​លក្ខណៈ​ក្បាច់​ក៏​គេ​ចូល​ចិត្ត​ប្រើប្រាស់​ផង​ដែរ ។


៧- បច្ចុប្បន្ន​យើង​ធ្វើ​អ្វី​ទៀត ក្រោយ​ពេល​សម្រេច​បោះបង់​ការ​បង្កើត​ពុម្ព​អក្សរ​នេះ ?
- បច្ចុប្បន្ន​យើង​មាន​ជា​គេហទំព័រ​សម្រាប់​ផ្សព្វផ្សាយ​ដំណឹង​ពី​អក្សរសាស្ត្រ​ខ្មែរ ពុម្ព​អក្សរខ្មែរ សៀវភៅ​ ទាក់ទង​នឹង​អក្សរ​ខ្មែរ គន្លឹះ​រចនា​អក្សរ​ក្នុង​កម្មវិធី​ផ្សេងៗ ជាពិសេស​យើង​បាន​បង្កើត​ជា​វីដេអូ​ដែល​ បង្ហាញ​ពី​ការ​រចនា​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ ដែល​ថត​ចប់​សព្វគ្រប់​អស់ ។

- ថ្វីត្បិត​តែ​ពួក​យើង​សម្រេច​ ឈប់​រចនា​ពុម្ព​អក្សរ​ដោយសារ​កត្តា​ជីវភាព​ក៏​ពិត​មែន តែ​ទឹកចិត្ត​របស់​ក្រុម​ ពួក​ខ្ញុំ​នៅ​តែ​នឹកនា​ដល់​ការ​រចនា​ពុម្ព​អក្សរ​ដដែល មានន័យថា​យើង​បញ្ឈប់​សកម្មភាព​ពេល​នេះ​ជា​ការ​ ផ្ញើសារ​មួយ​ជូន​ដល់​ក្រុមហ៊ុន​ ដែល​បាន​ផល​​ចំណេញ​ពី​ការ​ប្រើប្រាស់​ពុម្ព​អក្សរ​ពួក​ខ្ញុំ​ថា លែង​មាន​ពុម្ព​ អក្សរ​ថ្មីទៀត​ហើយ ។ និង​មួយ​ទៀត​ពួក​ខ្ញុំ​ដកឃ្លា​មក​ប្រកប​មុខរបរ​រកស៊ី​តិចតួច​គ្រាន់​ចិញ្ចឹម​​ជីវិត​មួយ​ សិន បើ​បាន​ធូរធារ​នឹងនរ ពួក​ខ្ញុំ​នឹង​បន្ត​រចនា​ពុម្ព​អក្សរ​បន្ត​ទៀត ព្រោះ​និយាយ​ឲ្យ​ចំ​ទៅ​បើ​ក្រុម​ខ្ញុំ​ឈប់ ខ្លាច​តែ​មិន​ដឹង​បាន​អ្នក​ណា​បន្ត​ទៀត​ទេ អាច​ជា​ការ​បាត់​បង​ធនធាន​មួយ។


ជា​ចុងក្រោយ​សូម​ផ្ដាំ​ដល់​ អ្នក​រចនា​ពុម្ព​អក្សរ​ អ្នករចនា​​អក្សរ សូម​រចនា​ដោយ​គោរព​ស្រលាញ់​អក្សរ​ជាតិ​យើង កុំ​លេង​ម៉ូដ​ហួស​ឬ​លើស​ខ្លាំងពេក យើង​រចនា​ចេញ​ជា​រូបរាង​មួយៗ​គឺ​បានជា​ម៉ូដ​ថ្មី​មួយ​ទៅ​ហើយ មិនមែន​ទាល់តែ​រចនា​ឲ្យ​កប់ៗ​ មើល​លែង​យល់ ​បាន​ហៅ​ថា​ពុម្ពអក្សរថ្មី ឬម៉ូដ​អក្សរ​ថ្មី​នោះ​ទេ ។

សូមអរគុណ

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.