លោក រ៉ាន ធិរៈ អ្នក​គូរ​ស្លាកយីហោរឆាក​​ក្នុង​រឿង “មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ” (First They Killed My Father)

អត្ថបទ​ថ្ងៃទី ២៨ តុលា ២០១៦ ៖ មហាជន​កម្ពុជា​ទូទាំង​ប្រទេស​បាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ក្រៃលែង ចំពោះ​ការ​ថត​ភាពយន្ត​ប្រវត្តិសាស្ត្រ​លំដាប់​ហូលីវូដ ដែល​មាន​ចំណងជើង​ថា “មុនដំបូង ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ” (First They Killed My Father) ដឹកនាំ​ដោយ​កំពូល​តារា​ភាពយន្ត​ហូលីវូដ អេនជេលីណា ជូលី (Angelina Jolie)។ ដោយសារតែ​ឈុត​ឆាក ខ្លះ នៃ​ខ្សែ​ភាពយន្ត​នេះ ទាក់ទង​នឹង​អតីតកាល​ប្រទេស​កម្ពុជា កាលពី​ទ.វទី៦០ និង៧០ ទើប​អ្នកដឹកនាំ​រឿង​សម្រេច​ជ្រើសរើស​យក​ក្រុង​បាត់ដំបង ធ្វើជា​ទីតាំង​ថត ព្រោះ​តំបន់​នេះ​សំបូរ ដោយ​អាគារ​បេតិកភណ្ឌ​ជាច្រើន ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​ស៊ីវិល និង​សម័យ​បនប្រល័យពូជសាសន៍​ប៉ុលពត។ អ្វី​ដែល​គួរ​ជាទី​ទាក់ទាញ​បំផុត​នៅ​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​នេះ​គឺ ការ​ចំណាយ​ថវិកា និង​ពេល​វេលា​កែប្រែ​ទិដ្ឋភាព​ទីរួមខេត្ត​បាត់ដំបង ឲ្យ​ក្លាយជា​ទីក្រុង​ភ្នំពេញ​កាលពី​សម័យ​សង្គមរាស្ត្រនិយម​ពិត។ គេហដ្ឋាន​ប្រជាជន​ជា​ច្រើន នៅ​តាម​ដង​វិថី​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​តុបតែង​រំលេច​ជា​ហាង​ជំនួញ​ផ្សេងៗ ដែល​មាន​ដាក់​តាំង​ស្លាកយីហោ​ធំៗ ចម្រុះ​ពណ៌​អម ដោយ​អក្សរ​គូរ​ដោយ​ដៃ ទៅ​តាម​លំនាំ​រចនាបថ​ដើម​ពី​ជំនាន់​នោះ។ ទាំងនេះ​ជា​ផ្ទាំង​ទស្សនីយភាព ដ៏​កម្រ​បំផុត​សម្រាប់ ខ្សែ​ចក្ខុ​មហាជន​ទាំងឡាយ ដែល​ធ្វើ​ឲ្យ​ពួកគាត់​នឹក​មមៃ​ទៅដល់​អតីតកាល កាលពី​ជាង​សែសិប​ឆ្នាំមុន ហើយ​បាន​ថត ទុក​ចែករំលែក​បន្ត​គ្នា​រាប់ពាន់​ម៉ឺន​នាក់ នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក។ តើ​នរណា​ទៅ​ជា​ម្ចាស់​ស្នាដៃ​ផ្ទាំងគំនូរ ស្លាក យីហោ​ដ៏​រស់រវើក​ទាំងអស់ នៅ​ក្នុង​ខ្សែភាពយន្ត​ខ្នាត​អន្តរជាតិ​នេះ​ទាំងមូល?
ប្រិយមិត្ត​អ្នកអាន​មួយ​ចំនួន ប្រហែល​ជា​យល់​ច្រឡំ​ថា​ស្លាកយីហោ​ទាំងនោះ ត្រូវ​បាន​គូរ​ដោយ​វិចិត្រករ​បរទេស ឬ ដោយ​ក្រុម​ការងារ​បច្ចេកទេស នៃ​ភាពយន្ត​ហូលីវូដ​ខាងលើ​ហើយ ប៉ុន្តែ​តាម​ការ​ពិត​ទៅ វិចិត្រករ​ដែល​គូរ​ស្លាកយីហោ​ទាំងអស់​នោះ គឺជា​បុរស​ជនជាតិ​ខ្មែរ​តែ​ម្នាក់​គត់។ បុរស​ដែល​ស្ថិតនៅ​ពីក្រោយ​ស្នាដៃ​គំនូរ ស្លាកយីហោ​អាគារ​ទាំងឡាយ​នៅ ក្នុង​ខ្សែភាពយន្ត​របស់​អ្នកស្រី អេនជេលីណា ជូលី ដែល​មក​ថត​នៅ​បាត់ដំបង​នោះ គឺ បងប្រុស រ៉ាន ធិរៈ អតីត​សិស្ស​ខាង​ផ្នែក​គំនូរ​ម្នាក់​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ដ៏​ល្បី​ប្រចាំ​ទឹកដី​ខេត្ត​បាត់ដំបង។
កំពុង​មមាញឹក​នឹង​ការងារ​ខ្លះៗ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​ភូមិ​ព្រែកខ្ពប ឃុំ​ព្រែកខ្ពប ស្រុក​ឯកភ្នំ ខេត្តបាត់ដំបង វិចិត្រករ រ៉ាន ធិរៈ បាន​ឆ្លៀតឱកាស​ផ្តល់​បទសម្ភាសន៍ ថា លោក​បាន​ចាប់ផ្ដើម​អាជីព​គូរគំនូរ​ដំបូង​បង្អស់​ក្នុង​ឆ្នាំ១៩៩៨ បើ​គិត​មក​ដល់​ពេល​សព្វ​ថ្ងៃ​គឺ អស់​រយៈពេល ១៨ឆ្នាំ ហើយ។
“ម្តាយ​ខ្ញុំ​ជា​ជាងគំនូរ។ កាលពី​តូច ខ្ញុំ​មើល​តែ​គាត់​គូរ ដល់​ធំ​ឡើង​ខ្ញុំ​ស្រឡាញ់​ខាង​គំនូរ។ តែ​ម្តាយ​ខ្ញុំ​គាត់​មិន ចេះ​គូរ​ដាក់​ពណ៌​ដូច​ខ្ញុំ​ទេ។ គាត់​គូរ​ជា​ហ្វឺត ឬ គូល័រ​ទៀន ហើយ​ឲ្យ​សិស្ស​យក​ទៅ​បិទ​នៅ​សាលា” នេះ​ជា​មូលហេតុ ចម្បង​ដែល​ជំរុញ​ឲ្យ​រូប​លោក ជក់ចិត្ត​ដិត​អារម្មណ៍​ខ្លាំង​ចំពោះ​វិស័យ​សិល្បៈ​គំនូរ។ ដោយ​ឡែក ចំពោះ​ស្នាដៃ​ការងារ​របស់​លោក​វិញ លោក​បាន​ចាប់ផ្ដើម​ចូល​ប្រឡូក​ក្នុង​ការ​គូរ​គំនូរ​ឃោសនា កុន​ប្រចាំ​រោងភាពយន្ត​បាត់ដំបង ក្រុង​បាត់ដំបង ក្នុងឆ្នាំ២០០០។
បង្វែរ​អារម្មណ៍​មិត្ត​អ្នកអាន មកកាន់​គម្រោង​គូរ​ស្លាកយីហោ សម្រាប់​ថត​ខ្សែភាពយន្ត​លំដាប់​ហូលីវូដ​​វិញ​ម្ដង តើ មូលហេតុ​អ្វី​បានជា វិចិត្រករ​វ័យ​ត្រឹម​ជាង ៣០ ឆ្នាំនេះ ទទួល​បាន​នូវ​ការ​ទុកចិត្ត ពី​សំណាក់​ក្រុមការងារ​ផលិតកម្ម​ឲ្យ​បញ្ចេញ​ថ្វីដៃ​វិចិត្រកម្ម​របស់​ខ្លួន នៅ​ក្នុង​ខ្សែភាពយន្ត​មួយ​រឿង​នេះ? ដើម្បី​បំបាត់​នូវ​មន្ទិលសង្ស័យ​របស់​សាធារណជន ម្ចាស់​ស្នាដៃ​បាន​បង្ហើប​ប្រាប់​ពី​ដំណើរ​ដើមទង​ថា៖ “ក្នុង​ការ​ផលិត​រឿង​នេះ មាន​ក្រុម​ការងារ​ច្រើន​ជំនាញ ដូចជា ក្រុម​រៀបចំ ឆាក រៀបចំ​ស្ប៉ត​សាច់រឿង រៀបចំ​សិល្បៈ​គំនូរ អក្សរ ផ្ទាំង​ពាណិជ្ជកម្ម​ផ្សេងៗ​ឲ្យ​វិលត្រឡប់​ទៅ​រក​ទ.វទី៦០វិញ។ ផ្នែក​ខាង​សិល្បៈ គឺ​មាន​តែ​ជនជាតិ​ថៃ និង បរទេស​ផ្សេងៗ ដូច្នេះ​ចំពោះ​ការ​រចនា​អក្សរ និង​គំនូរ​ផ្សេងៗ គេ​មិន​សូវ​ស្វែងយល់ អំពី​វប្បធម៌​យើង​ទេ។ គេ​ក៏​ស្រាវជ្រាវ​រក​ជាង​គំនូរ តែ​នៅ​ក្នុង​ខេត្តបាត់ដំបង​នេះ ជាងគំនូរ​គេ​បោះបង់​អាជីព​ចោល​អស់ ច្រើន​ហើយ ដោយសារ​តែ​វិទ្យាសាស្ត្រ​ព្រីន​ទំនើប។ អ៊ីចឹង​ជាង​ផ្សេង​មិន​ហ៊ាន​ទទួល គេ​ក៏​ប្រាប់​ពី​អាសយដ្ឋាន​ខ្ញុំ ហើយ​ខាង​ក្រុម​ការងារ​សិល្បៈ​ក៏​មក​ទាក់ទង​ខ្ញុំ”
ថ្វីត្បិតតែ​លោក​មាន​វ័យ​ក្មេង​មិន​បាន​ឆ្លងកាត់​សម័យមុន​របប​ខ្មែរក្រហម លោក​នៅ​តែ​អះអាង​ថា មិន​មាន​ការ លំបាក​ទេ សម្រាប់​រូប​លោក​ក្នុង​ការ​ទទួល​យក​គម្រោង​នេះ ពី​ព្រោះ​រូប​លោក​មាន​ទេពកោសល្យ និង​បទពិសោធន៍​ក្នុង ជំនាញ​ឯកទេស​នេះ យូរឆ្នាំមកហើយ។ លោក​បន្ថែម​ថា “ខាង​ក្រុម​ការងារ​ហូលីវូដ គេ​មាន​ឯកសារ​ខ្លះៗ យក​មក​ឲ្យ យើង​ផ្ទៀងផ្ទាត់ ហើយ​ខ្ញុំ​ក៏​បាន​សាកសួរ​ពី​មជ្ឈដ្ឋាន​ចាស់ៗ ថា​តើ​ស្លាកយីហោ​ពាណិជ្ជកម្ម​សម័យ​នោះ គេ​ច្រើន​សរសេរ បែប​ណា តែ​ខាង​គេ​ក៏​មាន​ក្រុម​រៀបចំ​ប្លង់​ឲ្យ​គូរ​ដែរ ហើយ​យើង​ពិភាក្សា​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​កែសម្រួល” លោក ចំណាយ​ពេល​ជិត​មួយ​ខែ ដើម្បី​គូរ​ស្លាកយីហោ និង រូបភាព​ទាំងអស់​នោះ និង​ប្រើ​រយៈពេល​កន្លះ​ខែ​ទៀត សម្រាប់ ការ​រៀបចំ​ដំឡើង​ស្នាដៃ​ទាំងនោះ។ កាលនោះ​លោក​ចំណាយ​ពេល​គូរ បាន​ស្លាកយីហោ​ពី​បួន​ទៅ​ប្រាំ​ផ្ទាំង​ក្នុង​មួយ​ថ្ងៃ បើ​សរុប​ទៅ លោក​គូរ​បាន​ប្រមាណ ១០០ផ្ទាំង សម្រាប់​ការ​ថត​ខ្សែភាពយន្ត​នោះ ក្នុង​នោះ​ជា​អាទិ៍​រួមមាន ស្លាក​ទីចាត់ការ​វិទ្យាល័យ​និរន្តភាព ១៩៣០ ស្លាក​មន្ទីរ​សុខាភិបាល​ក្រុងភ្នំពេញ ស្លាក Le Cinema LUX ស្លាក​ហាង​ដាក់​ធ្មេញ ស្លាក​ហាង យីន ជីងឡុង ស្លាក​ហាង ប៊ុន ឈុំ ជួសជុល​ម៉ាស៊ីនថតរូប និង ស្លាក​ហាង ផល ចំរើន ប៉ះ​កង់ ។ល។ ជា​លទ្ធផល លោក​ទទួល​បាន​ថវិកា និង រង្វាន់​អនុស្សាវរីយ៍​ជាច្រើន ពី​ផលិតកម្ម​ហូលីវូដ ដោយសារតែ​លក្ខណៈ​ពិសេស នៃ​ស្នាដៃ​សិល្បៈ​របស់​លោក។
ក្រោយ​ថត​ខ្សែ​ភាពយន្ត​ចប់ នៅ​លើ​ទឹកដី​ខេត្ត​បាត់ដំបង ស្នាដៃ​គំនូរ​ទាំងអស់​របស់​លោក រ៉ាន ធិរៈ ត្រូវ​បាន​មន្ត្រី សាលាក្រុង​បាត់ដំបង យក​ទៅ​តម្កល់​អភិរក្ស​ទុក​យ៉ាង​គង់វង្ស។ យើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ស្នាដៃ​គំនូរ​របស់ លោក​នឹង​ធ្វើ​ឲ្យ​កក្រើក​ដួងចិត្ត​ទស្សនិកជន​ទូទាំង​ពិភពលោក​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​មួយ​នេះ​នៅ​ពេល​ដែល​ខ្សែភាពយន្ត​នេះ ត្រូវ​បាន​ចាក់​បញ្ចាំង​ក្នុង​ថ្ងៃ​អនាគត។ ទន្ទឹម​នឹង​នេះ យើង​ជឿជាក់​ថា ផលិតកម្ម​បរទេស​ដទៃទៀត នឹង​ចាប់អារម្មណ៍​ចំពោះ​សិល្បៈ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ ហើយ​ចូល​មក​ថត​ជា​ខ្សែភាពយន្ត ដែល​អាច​ញ៉ាំង​ឲ្យ កិត្យានុភាព​ប្រទេស​កម្ពុជា កាន់តែ​ល្បី​សុសសាយ​លើ​ឆាក​អន្តរជាតិ៕
______________________
អត្ថបទ​ដើម​ពី​ទាំងស្រុង​ពី ការសែត​រស្មី​កម្ពុជា

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.