ស្ថាបនិក​ខ្មែរ​យូនីកូដលោក ដាញ់ ហុង ទើស​ចិត្ត ពេល​យុវវ័យ​ប្រឹង​សរសេរ​អង់គ្លេស​សំនៀង​ខ្មែរ​ (Latin) លើ​អ៊ីនធឺណិត

ស្ថាបនិក​បង្កើត​ពុម្ព​អក្សរ​​​ខ្មែរ​យូនីកូដ​ លោក ដាញ់ ហុង អន់​ចិត្ត​យ៉ាង​ខ្លាំង​ពេល​ឃើញ យុវវ័យ​ខ្មែរ​ភាគ​ច្រើន​ចូលចិត្ត​សរសេរ​អក្សរ​អង់គ្លេស​ជា​សំនៀង​ខ្មែរ​យ៉ាង​ផុលផុស​លើ​អ៊ីនធឺណិត ពិសេស​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។
លោក ដាញ់ ហុង ស្ថានិក​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ
ស្ថាបនិក​រូប​នេះ បញ្ជាក់​ថា រូប​លោក​និង​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក​មួយ​ចំនួន បាន​ប្រឹងប្រែង​បង្កើត​ពុម្ព​អក្សរ​ខ្មែរ​យូនីកូដ​និង​ក្តារ​ចុច​ភាសា​ខ្មែរ ព្រោះ​តែ​ឃើញ​ពលរដ្ឋ​កម្ពុជា លំបាក​ក្នុង​ការ​សរសេរ​ភាសា​ជាតិ​លើ​គ្រឿង​អេឡិចត្រូនិក មាន​កុំព្យូទ័រ​និង​ទូរសព្ទ​ជា​ដើម។ ប៉ុន្តែ​ការ​ប្រឹងប្រែង​នេះ ​នៅ​តែ​មិន​អាច​លុប​បំបាត់​ទម្លាប់​សរសេរ​អក្សរ​អង់គ្លេស​សំឡេង​ខ្មែរ​​របស់​ពលរដ្ឋ​​​មួយ​ភាគ​ធំ​បាន​ឡើយ។

លោក​លើក​ឡើង​ថា ទម្លាប់​សរសេរ​អក្សរ​អង់គ្លេស​សំឡេង​ខ្មែរ កើត​ឡើង​រាប់​ឆ្នាំ​មក​ហើយ ពោល​គឺ​តាំង​ពី​យុគសម័យ​ទូរសព្ទ​ទំនើប (រាប់​តាំង​ពី NOKIA) វាតទី​ទីផ្សារ​កម្ពុជា។ ដោយ​សារ​ទូរសព្ទ​ភាគ​ច្រើន​ជំនាន់​នោះ​ពុំ​ទាន់​ដំឡើង​ភាសាជាតិ (ខ្មែរ) ទូលំទូលាយ​ដូច​ប្រទេស​ជិត​ខាង។ ហេតុ​នេះ​ទើប​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​កម្ពុជា​ភាគច្រើន ពិសេស​ក្មេងៗ​ ចូលចិត្ត​សរសេរ​សារ​ផ្ញើ​ទៅ​គ្នា​ទៅ​វិញ​ទៅ​មក ជា​ភាសា​អង់គ្លេស​​បែប​សំនៀង​ខ្មែរ។

ទម្លាប់​នេះ នឹង​ធ្វើ​ឲ្យ​ភាសា​ជាតិ​ធ្លាក់​ចុះ ហើយ​កូន​ខ្មែរ​ក្រោយៗ​នឹង​​សរសេរ​ភាសា​ជាតិ​មិន​បាន​ត្រឹមត្រូវ ឬ​អាច​ថា​ខ្សោយ​ទាំង​ខ្មែរ​និង​អង់គ្លេស មិន​ដឹង​មួយ​ណា​ចេះ​ប្រាកដ។

យ៉ាង​ណា​លោក ក៏​មិន​បន្ទោស​ទាំង​ស្រុង​ទៅ​លើ​ទូរសព្ទ​តែ​មួយ​ផ្នែក​នោះ​ទេ ព្រោះ​ប្រព័ន្ធ​​ផ្សព្វផ្សាយ​និង​ការ​ផ្តល់​ភាព​ងាយ​ស្រួល​ចំពោះ​ការ​សរសេរ​អក្សរ​ខ្មែរ​លើ​ស្មាតហ្វូន ហាក់​នៅ​មិន​ទាន់​គ្រប់គ្រាន់។

ក្តារ​ចុច​បង្កើត​លើ​ស្មាតហ្វូន​ខ្លះ​ពុំ​ត្រូវ​តាម​ក្បួន​ខ្នាត​មួយ​រយ​ភាគ​រយ​តាម​ស្តង់ដារ​ខ្មែរ​យូនីកូដ ដែល​ពេល​ខ្លះ​រឹត​តែ​ធ្វើ​ឲ្យ​ការ​សរសេរ​អក្សរ​ខ្មែរ កាន់​តែ​​លំបាក​និង​ប្រើ​ពេល​យូរ​ទៅ​វិញ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ស្ថាបនិក​ខាង​លើ។

អ្វី​ដែល​លោក ដាញ់ ហុង ប្រាថ្នា​គឺ​គ្រាន់​តែ​ចង់​ឲ្យ​យុវវ័យ ពិសេស​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​កែ​ទម្លាប់​​ចាស់ មក​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ សម្រាប់​បណ្ដា​អ្នក​បង្កើត​កម្មវិធី​ក្នុង​ស្រុក​គួរ​ព្យាយាម​ឲ្យ​អស់​លទ្ធភាព ​បង្កើត​ក្តារ​ចុច​ភាសា​ខ្មែរ​ឲ្យ​កាន់​តែ​ងាយ​ស្រួល​ប្រើប្រាស់​និង​ត្រូវ​តាម​ស្តង់​ដារ​ខ្មែរ​យូនីកូដ ដើម្បី​ចូល​រួម​លើក​ស្ទួយ​ការ​ប្រើប្រាស់​ភាសា​ជាតិ៕
__________________________
អត្ថបទ​ទាំង​ស្រុង​ពី សប្បាយ

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.