កាសែតឡារ៉ែន : កូន​ខ្មែរ​មួយ​ក្រុមស៊ូ​លំបាក​រចនា​ពុម្ព​អក្សរ​ខ្មែរ​ប្លែកៗ​ដើម្បី​អនាគត​អក្សរសាស្ត្រ​ជាតិ

ឆ្នាំ​ទី 02 លេខទី44 ថ្ងៃ​ចន្ទ - សៅរ៍ ទី03-08 ខែតុលា ឆាំ្ន2016 - អប់រំ និង​បច្ចេកវិទ្យា 
 កូន​ខ្មែរ​មួយ​ក្រុម​ហៅ​ខ្លួនឯង​ថា "ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ" បាន​ស៊ូ​លំបាក​ក្នុង​ការ​រចនា​ពុម្ពអក្សរ​ប្លែក ដើម្បី​ធ្វើ​ឲ្យ​អក្សរសាស្ដ្រ​ជាតិ​មាន​ភាព​សម្បូរ​បែប​ក្នុង​វិស័យ​ឌីជីថល សម្រាប់​ទុក​ឲ្យ​ពលរដ្ឋ​ទូ​ទៅ​អាច​ប្រើប្រាស់​ទៅ​តាម​ស្ថានភាព និង​តម្រូវ​ការ​បើ​ទោះជា​ពួកគាត់​មាន​ការ​លំបាក​ក្នុង​ការ​បង្កើត​ថ្មី​ក៏​ដោយ​ក្ដី។ យុវជន នៅ សំណាង និង ឆូយ ប៊ុនសុខហេង អ្នកតំណាង​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ បាន​ឲ្យ​ដឹង​ថា ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ពួក​គេ​ស្ទើរតែ​គ្មាន​ពេល​ទំនេរ​ទេ​សម្រាប់​ថ្ងៃច័ន្ទ​ដល់​ថ្ងៃអាទិត្យ ខណៈ​ត្រូវ​បំពេញ​ការងារ ខ្លះ​នៅ​សិក្សា ហើយ​ខ្លះ​ទៀត​មាន​មុខរបរ​ខ្លួនឯង​នៅផ្ទះ។ ព្រោះ​តែ​ស្រឡាញ់ និង​ចង់​បង្កើត​ក្បាច់​អក្សរខ្មែរ​ថ្មីៗ ពួក​គេ​សុខចិត្ត​ចំណាយ​ពេលវេលា​បន្តិចបន្តួច​រចនា​ម៉ូដ​នៃ​ពុម្ពអក្សរ​ខ្មែរ​ឲ្យ​សម្បូរ​បែប ដើម្បី​ទុក​ឲ្យ​មហាជន​ខ្មែរ​បាន​ប្រើប្រាស់ ស្រប​ពេល​ដែល​ផ្នែក​នេះ​នៅ​មិន​ទាន់​មាន​ក្រុម​ណា​ធ្វើ​ឲ្យ​ទូលំទូលាយ ក្រោយពី​រៀមច្បង​ចាស់ៗ​ដូចជា​លោក ដាញ់ ហុង និង​អ្នក​មួយ​ចំនួន​ទៀត​មិន​សូវ​មាន​ពេល​ធ្វើ។ ហេតុផល​នេះ​ ទើប​បណ្ដាល​ឲ្យ​ ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី 10 ខែធ្នូ ឆ្នាំ 2013។

យុវជន នៅ សំណាង បាន​បន្ថែម​ថា តាំងពី​ឆ្នាំ 2013មក​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ មាន​សមាជិក​សកម្ម​ប្រមាណ 8 នាក់ ខណៈ​សមាជិក​ច្រើន​នាក់​ផ្សេងៗ​ទៀត​ចូលរួម​ម្ដងម្កាល។ ក្រុម​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោលបំណង​អភិរក្ស អភិវឌ្ឍន៍​រចនា​បង្កើត​ថ្មី និង​លើក​កម្ពស់​តម្លៃ​នៃ​សិល្បៈ​អក្សរសាស្ត្រ​ខ្មែរ ដោយ​ការ​សរសេរ​អក្សរ​ខ្មែរ និង​ប្រើប្រាស់​អក្សរ​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ ។

សំណាង ថា ៖ ៉ព្រោះ​តែ​ស្រឡាញ់ និង​ចង់​លើកស្ទួយ​ទើប​ពួក​ខ្ញុំ​ខិតខំ​ធ្វើ​វា​ឡើង។ រៀមច្បង​មុនៗ គាត់​បាន​បើក​ផ្លូវ​ឲ្យ​យើង​ហើយ ដូច្នេះ​យើង​ត្រូវ​បន្ត​ពី​ពួកគាត់។ ទោះ​ការ​ធ្វើ​នេះ​វា​លំបាក និង​ត្រូវ​ប្រើ​ពេល​ច្រើន តែ​ខ្ញុំ​ពេញ​ចិត្ត​ក្នុង​នាម​ជា​កូន​ខ្មែរ​មួយ​រូប។

ក្រុម​អ្នក​រចនា​ពុម្ពអក្សរ​ខ្មែរ (Khmer Font Designer Group ) ជា​ក្រុម​សាធារណៈ​មួយ​លើ​បណ្ដាញ​សង្គម Facebook និង​ជា​ទី​ប្រជុំ​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ​ចាស់​ថ្មី ចែកចាយ​ចំណេះដឹង​ថ្មី​សម្រាប់​អ្នក​ចូលចិត្ត​ផ្នែក​រចនា ឬ​ចង់​រៀន​បង្កើត​ពុម្ពអក្សរ​ខ្មែរ និង​អាច​ផ្សព្វផ្សាយ បង្ហាញ​អំពី​ម៉ូដ​តួ​ពុម្ពអក្សរ​ដែល​កំពុង​រចនា ឬ​បង្កើត​ថ្មីៗ ផ្ដល់​នូវ​គន្លឹះ វិធីសាស្ត្រ​ចាស់​ថ្មី សំណួរ និង​ចម្លើយ​ទាក់ទង​នឹង​ការ​រចនា​ពុម្ព​អក្សរ។

ងាក​មក​ឆ្លើយតប​នឹង​សំណួរ តើ​ថា​ការ​បង្កើត​ក្បាច់​ពុម្ព​អក្សរ​នីមួយៗ​មាន​ការ​ពិបាក និង​ចំណាយ​ពេល​យូរ​កម្រិត​ណា? យុវជន​រាង​ដំបង រួម​នឹង​សំនួន​វោហារ ឆូយ ប៊ុនសុខហេង បាន​បញ្ជាក់​ថា សម្រាប់​ការ​រចនា​ពុម្ពអក្សរ​ខ្មែរ វា​មាន​ផល​លំបាក​ខ្លះ​ច្រើន​រួម​នឹង​ប្រើ​ពេលវេលា​យូរ​គួរសម ដែល​វា​អាស្រ័យ​លើ​ក្បាច់​នៃ​អក្សរ។ ប៊ុនសុខហេង បន្ត​ទៀត​ថា ទោះបី​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​ថ្មីនេះ វា​មិន​សូវ​ផ្ដល់​ប្រយោជន៍​ខ្លាំងក្លា​ដល់​សង្គម ប៉ុន្តែ​វា​ក៏​ជា​ផ្នែក​មួយ​ជំរុញ​ការ​អភិវឌ្ឍ និង​ជួយ​លើកស្ទួយ​មុខមាត់​ប្រទេសជាតិ​យើង​ដោយ​ប្រយោល​ផង​ដែរ។

សុខហេង ថ្លែង​ថា៖ “កាលពីមុន កម្ពុជា​យើង​មាន​ម៉ូដ​អក្សរ​ច្រើន​ណាស់ ត្រូវ​បាន​គេ​បោះពុម្ព​លើ​ថាស​ចម្រៀង សៀវភៅ និង​កាសែត ប៉ុន្តែ​ដោយសារ​ភ្លើង​សង្គ្រាម អ្វី​ទាំងនោះ​ត្រូវ​បាន​បាត់បង់។ ដូច្នេះ​ខ្ញុំ​ចង់​បង្កើត​ម៉ូដ​អក្សរខ្មែរ ឲ្យ​បាន​ច្រើន​វិញ វា​ក៏​ជួយ​បន្ថែម​សម្រស់ និង​ធ្វើ​ឲ្យ​អក្សរ​ខ្មែរ​យើង​កាន់តែ​មាន​ភាព​រស់រវើក​ផង​ដែរ‟។ ក្នុង​ករណី​កម្ពុជា មាន​ម៉ូដ​អក្សរ​ច្រើន ពេល​មាន​ភ្ញៀវ​បរទេស​គេ​ចូល​មក​គេ​អាច​ឃើញ​ថា​ខ្មែរ មាន​ម៉ូដ​អក្សរ​ប្លែកៗ​មិន​ធម្មតា​ដែរ។ សម្រាប់​ការ​បង្កើត​ពុម្ពអក្សរ​ថ្មីៗ នេះ យើង​ចង់​បង្កើត​វា​ចេញ​ជា​ក្បាច់​យ៉ាងម៉េច​ក៏​បាន ទោះ​ចង់​យក​តាម​លំនាំ​ក្បាច់​ផ្កាភ្ញី​អង្គរ ក្បាច់​តាម​ហោជាង ឬ​ក្បាច់​ចម្លាក់​នានា​ក៏បាន។ ចំណុច​នេះ បើ​យើង​អាច​បង្កើត​បាន ហើយ​ពេល​មាន​ព្រឹត្តិការណ៍​ណាមួយ​យើង​អាច​យក​ពុម្ពអក្សរ​ទាំងនោះ​ទៅ​ប្រើ​តាម​ផ្នែក​នីមួយៗ បាន​ត្រូវ​ន័យ​វា​ទៀត អញ្ចឹង​ហើយ​បាន​ជា​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ ខិតខំ​រចនា​ពុម្ពអក្សរ​ទាំងនោះ​ឲ្យ​លេច​រូបរាង​ឡើង បើ​ទោះ​បី​ការ​បង្កើត​ពុម្ពអក្សរ​យើង​ធ្វើ​ឲ្យ
ដោយ​មិន​ទទួល​ឱ្យ​លក់​កម្រៃ ហើយ​ថែមទាំង​ប្រើប្រាស់​ធនធាន​ផ្ទាល់ខ្លួន​ក៏​ដោយ​ក្ដី។

ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​នីមួយៗ ត្រូវ​ប្រើប្រាស់​ធនធាន និង​ពេលវេលា​ផ្ទាល់ខ្លួន យុវជន ប៊ុនសុខហេង ឲ្យ​ដឹង​បន្ថែម​ថា សមាជិក​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ មិន​អាច​ធ្វើ​បាន​លឿន​ទេ ខណៈ​ពុម្ព​អក្សរ​មួយ​មាន​អ្នក​ខ្លះ​គាត់​អាច​ចំណាយ​ពេល​ដល់​ជិត 2 ខែ​ទម្រាំ​បាន​មួយ តែ​ក៏​មាន​អ្នក​ខ្លះ​គាត់​ធ្វើ​បាន​លឿន​ដោយ​មួយ​ខែ​បាន 2 ពុម្ពអក្សរ​ក៏​មាន។ ក្នុង​នោះ​បើ​គិត​ចាប់តាំងពី​បង្កើត​ក្រុម​មក ដោយ​មាន នៅ សំណាង​ជា​អ្នក​ប្រមូល​ពុម្ពអក្សរ​ទុក​ក្នុង​ប្លុក​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ​ទទួល​បាន​ពុម្ពអក្សរ​ជាង 300 ម៉ូដ​ហើយ។ ទោះជា​យ៉ាងនេះ​ក្ដី ប៊ុនសុខហេង នៅ​តែ​មាន​សេចក្ដី​សប្បាយ​រីករាយ​ខណៈ​ខ្លួន និង​សមាជិក​ក្រុម​ដ៏ទៃ​ទៀត បាន​ចូលរួម​ជាផ្នែក​មួយ​នៃ​សង្គម និង​ធ្វើ​ខ្លួន​ឲ្យ​មាន​ប្រយោជន៍​សម្រាប់​ប្រទេសជាតិ។

ចូល​មក​យុវជន នៅ សំណាង វិញ យុវជន​រូប​នេះ​បាន​ឲ្យ​បន្ថែម​ទៀត​ថា ជា​លទ្ធផល​ក្រោយ​បង្កើត​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ ពួកគេ​បាន​សម្រេច​បង្កើត​នូវ​គេហទំព័រ​ថ្មី​មួយ www.aksorkhmer.com សម្រាប់​រក្សាទុក​នូវ​ពុម្ពអក្សរ​ទាំងអស់​ដែល​ប្រមូល​បាន​ពី​សមាជិក​ក្រុម ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ អាច​ទាញ​យក​ទៅ​ប្រើប្រាស់​បាន​ដោយ​សេរី។

សំណាង ថា៖ “ក្រុម​ខ្ញុំ​បាន​សម្រេច​គ្នា​បង្កើត​វេបសាយ​នេះ​ឡើង បើ​មិន​ធ្វើ​បែបនេះ​យើង​មិន​អាច​ប្រមូល​ពុម្ពអក្សរ​យក​មក​ទុក​ក្នុង​ដៃ​បាន​ច្រើន​ទេ ​ហើយ​ក៏​មិន​អាច​ឲ្យ​បងប្អូន​យើង​ចូល​ទាញ​យក​ស្រួល​ដែរ‟។

គេហទំព័រ​ដែល​ក្រុម​អ្នក​រចនា​អក្សរពុម្ព​ខ្មែរ​បាន​បង្កើត​នោះ មិន​ត្រឹមតែ​ប្រមូល​ផ្ដុំ​នូវ​ពុម្ពអក្សរ​ខ្មែរ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ប្រភព​ចំណេះ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ដែល​ចង់​រៀន​ពី​របៀប​បង្កើត​ក្បាច់​អក្សរ​និង​យល់​ដឹង​ពី​អក្សរ​ខ្មែរ​បន្ថែម​ទៀត​ខណៈ​គេហទំព័រ​នេះ បាន​ដាក់​បញ្ចូល​នូវ​សៀវភៅ បែប​ហាត់​សរសេរ​អក្សរ​ផ្ចង់ គំរូ និង​សេចក្ដី​ណែនាំ​នូវ​ការ​សរសេរ​អក្សរ​ផ្ចង់ ជ្រៀង ឈរ ខម មូល ស្រមោល និង ក្បាច់​ផ្សេងៗ។ ក្នុង​នោះ​ផង​ដែរ វា​ក៏​មាន​បង្ហាញ​នូវ​គន្លឹះ​ណែនាំ​ផ្សេងៗ ស្ដីពី​ការ​រៀន​គូរ ឬ​ឆ្លាក់​អក្សរ​ផង​ដែរ។

សំណាង​បន្ថែម​ទៀត​ថា​សម្រាប់​យុវជន​ខ្មែរ​មិន​ថា​ជា​នរណា​មក​ពី​ណា​ទេ ប្រសិន​បើ​មាន​ចំណាប់​អារម្មណ៍​ចង់​រៀន​ធ្វើ​ពុម្ព​អក្សរ​ថ្មីៗ គឺ​អាច​ទាក់ទង​មក​ខាង​ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ ទោះបី​មិន​ចេះ​ជំនាញ​នេះ​ក៏​ដោយ​ចុះ សំខាន់​គឺ ក្ដី​ស្រឡាញ់ រួមផ្សំ​នឹង​ជំនាញ​ផ្នែក​រចនា​លើ​កុំព្យូទ័រ​បន្តិច គឺ​គាត់​អាច​ធ្វើ​បាន​ហើយ។ តែ​បើ​គាត់​ជា​អ្នក​ជំនាញ​វិញ​ហើយ​ចេះ​កម្មវិធី Illustrator, CorelDraw, Photoshopក៏​កាន់តែ​ប្រសើរ ដោយ​មិន​ចាំបាច់​អ្នក​រៀន​ផ្នែក​ព័ត៌មានវិទ្យា​អ្វី​ទេ។ មួយ​វិញ​ទៀត​សម្រាប់​បងប្អូន​ដែល​មាន​អក្សរ​សរសេរ​ដៃ​ស្អាតៗ ពួកគាត់​ក៏​អាច​ផ្ញើ​អក្សរ​ទាំងនោះ ឲ្យ​ខាង​ក្រុម​អ្នក​រចនា​អក្សរ​ពុម្ព​អក្សរ​ខ្មែរ ធ្វើ​ការ​រចនា​វា​ឡើង​ប្រសិន​បើ​យើង​រក​ឃើញ​ថា​អក្សរ​នេះ​ពិតជា​មិន​ទាន់​មាន​នរណា​បង្កើត​មែន៕
_____________________
គេហទំព័រ​ផ្លូវការ www.aksorkhmer.com ឬ www.aksorkhmer.blogspot.com
ក្រុម​អ្នក​រចនា​ពុម្ព​អក្សរ​ខ្មែរ https://www.facebook.com/groups/KhmerFontDesigner/

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.