យុវជន​មិន​ដែល​រៀន​ជំនាញ IT នាំ​គ្នា​រចនា​ពុម្ពអក្សរ​ខ្មែរ​លើក​តម្កើង​ភាសា​ជាតិ

ភ្នំពេញ, ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៤ : ពី​អ្នក​គ្មាន​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា យុវជន​មួយ​ក្រុម​បាន​សហការ​គ្នា​រចនា​ពុម្ពអក្សរ​ខ្មែរ​ជាង​២០០​ប្រភេទ​ដើម្បី​លើក​ទឹកចិត្ត​ឲ្យ​យុវជន​ខ្មែរ ខ្លះ​ដែល​ចូលចិត្ត​សរសេរ​ពាក្យ​ខ្មែរ​ជា​អក្សរ​ឡាតាំង​លើ​ឆាត អ៊ីមែល និង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ឲ្យ​ងាក​មក​ប្រើ​អក្សរ​ខ្មែរ​ពេញលេញ​វិញ​។

ដោយ​ស្រឡាញ់​ផ្នែក​ឌីហ្សាញ​រូបភាព លោក ឆូយ ប៊ុនសុខហេង អាយុ​២៤​ឆ្នាំ និង​លោក នៅ សំណាង អាយុ​២៦​ឆ្នាំ ព្រម​ទាំង​សមាជិក​៦​នាក់​ផ្សេង​ទៀត​បាន​ចាប់ដៃ​គ្នា​បង្កើត​ជា​ក្រុម​បង្កើត​ពុម្ពអក្សរ​ខ្មែរ និង​គេហទំព័រ​ហ្វេសប៊ុក ពុម្ពអក្សរ​ខ្មែរ ដែល​ទទួល​បាន​អ្នក​គាំទ្រ​ជិត​២​ម៉ឺន​នាក់​។


លោក សុខហេង និស្សិត​ឆ្នាំ​ទី​២​ផ្នែក​ភាសា​អង់គ្លេស​នៅ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី បាន​រៀបរាប់​ពី​មូលហេតុ​ថា៖ «​ក្រោយពី​ខ្ញុំ​រៀន​ឌីហ្សាញ​រូបភាព​ក្នុង​កម្មវិធី​ Adobe Photoshop ​យូរៗ​ទៅ ខ្ញុំ​គិត​ថា នៅពេល​ខ្ញុំ​រចនា​រូបភាព​បាន​ហើយ តើ​ខ្ញុំ​យក​វា​ទៅ​ណា​ទៀត​? ខ្ញុំ​ប្រាកដ​ជា​ទុក​វា​ចោល​ហើយ ប៉ុន្តែ​បើ​ខ្ញុំ​បង្កើត​អ្វី​ផ្សេង​ដែល​មាន​ប្រយោជន៍ និង​បង្ហាញ​ពី​អត្តសញ្ញាណ​ជាតិ វា​ប្រាកដ​ជា​អាច​ប្រើ​បាន​រហូត​»។

លោក​បាន​បន្ត​ថា​៖ «យុវជន​បច្ចុប្បន្ន​ចូលចិត្ត​សរសេរ​លើ​បណ្ដាញ​សង្គម Facebook ជា​ភាសា​ឡាតាំង ពួកគេ​មិន​ទាន់​យល់​ច្បាស់​ពី​តម្លៃ​នៃ​ភាសា​ជាតិ​ទេ​។ យើង​ចង់​លើក​តម្កើង​ភាសា​ខ្មែរ​តាមរយៈ​ការ​បង្ហាញ​ពុម្ព​អក្សរ​ប្លែកៗ​»។

យុវជន​ដែល​មកពី​ក្រុង​ប៉ោយប៉ែត​រូប​នេះ បាន​ប្រាប់​ពី​​​បទពិសោធន៍​ក្នុង​ការ​រចនា​ពុម្ពអក្សរ​ខ្មែរ​ថា លោក​ចំណាយ​ពេល​២​ថ្ងៃ​ក្នុង​ការ​រចនា​ពុម្ពអក្សរ​ខ្មែរ​មួយ​ប្រភេទ​រាប់​ទាំង​ស្រៈ និង​ព្យញ្ជនៈ​គ្រប់​ទាំងអស់ ហើយ​លោក​ត្រូវ​ចំណាយ​ពេល​យ៉ាង​តិច​មួយ​សប្ដាហ៍​ទៀត​ដើម្បី​ដាក់​ឲ្យ​ដំណើរ​ដោយ​ឆ្លងកាត់​ការ​ធ្វើ​តេស្ដ​ជាច្រើន​លើក​ច្រើនសា​។

លោក នៅ សំណាង ជា​អ្នក​ថត​វីដេអូ​ស្ដីពី​ការ​បង្កើត​ពុម្ពអក្សរ​ខ្មែរ​ដាក់​លើ​គេហទំព័រ Youtube និង​Facebook បាន​និយាយ​ថា ក្រុម​របស់​លោក​បាន​ចងក្រង​ពុម្ព​ខ្មែរ​ទាំង​ចាស់ និង​ថ្មី ទាំង​ស្នាដៃ​ក្រុម​របស់​លោក និង​ស្នាដៃ​រៀមច្បង​ផ្សេងៗ​ទៀត​ដាក់​ក្នុង Facebook ​ដើម្បី​អ្នក​ប្រើប្រាស់​ងាយស្រួល​ទាញ​យក​ប្រើប្រាស់​តាម​តម្រូវការ​ដោយ​ឥត​គិត​ថ្លៃ​។

ស្នាដៃ​ពុម្ពអក្សរ​ទាំងនេះ​ត្រូវ​បាន​ប្រទះ​ឃើញ​លើ​គេហទំព័រ ស្ថាប័ន​នានា និង​ផលិតកម្ម​ចម្រៀង​មួយ​ចំនួន​ថែម​ទៀត​ផង​។ ទន្ទឹម​នឹង​ការ​ប្រើប្រាស់​ដោយ​សេរី​នេះ លោក សំណាង បាន​ត្អូញត្អែរ​ពី​ផលិតកម្ម​ដែល​យក​ពុម្ពអក្សរ​របស់​ក្រុម​លោក​ទៅ​ប្រើ​ជា​លក្ខណៈ​អាជីវកម្ម​ដោយ​មិន​បាន​ទាំង​ដាក់​ក្រេឌីត​ឲ្យ ឬ​ថ្លែង​អំណរគុណ​អ្វី​បន្តិច​សោះ​។

លោក​បាន​និយាយ​ថា៖ «​យើង​ធ្វើ​រាល់​ថ្ងៃ មិន​ទទួល​បាន​កម្រៃ​អ្វី​ទេ ហើយ​ភ្នែក​របស់​យើង​ម្នាក់ៗ​ជិត​ម៉្ញូប​អស់​ហើយ​។ ប៉ុន្តែ​ដោយ​សេចក្ដី​ស្រឡាញ់​នូវ​ការ​រចនា យើង​គ្រាន់តែ​ចង់​ឲ្យ​ម្ចាស់​ផលិតកម្ម​ទាំងនោះ​ផ្ដល់​តម្លៃ​លើ​ស្នាដៃ​របស់​យើង»​។

ពាក់ព័ន្ធ​នឹង​ការ​រចនា​ពុម្ពអក្សរ​ខ្មែរ​នេះ យុវជន​តំណាង​ក្រុម​ទាំង​ពីរ​នាក់​នេះ បាន​ប្រាប់​ថា ក្រុម​របស់​លោក​បាន​បង្ហោះ​វីដេអូ​ខ្លីៗ​ស្ដីពី​ការ​បង្រៀន​រចនា​ពុម្ពអក្សរ​លើ​គេហទំព័រ Facebook និង​តែងតែ​បើក​ទូលាយ​ចំពោះ​រាល់​ចម្ងល់​ទាំងអស់​របស់​ប្រិយមិត្ត​ដែល​ស្រឡាញ់​អក្សរសាស្ដ្រ​ខ្មែរ​។

លោក សុខហេង ដែល​មិន​ទាន់​ស្គាល់​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ​ច្បាស់ បាន​បង្ហើប​ប្រាប់​ថា ជា​មូលដ្ឋានគ្រឹះ​ចំពោះ​អ្នក​ចង់​ចេះ​រចនា​ពុម្ពអក្សរ ពួកគេ​គួរ​តែ​ប្រើ​កម្មវិធី​កាត់ត​មួយ​ចំនួន ដូចជា Photoshop Coral Draw និង Illustration ព្រមទាំង​ចេះ ឬ​មិន​ចេះ​សរសេរ​កូដ​ផង​ដែរ​។

លោក សុខហេង បាន​ប្រាប់​ថា បច្ចុប្បន្ន​នេះ ក្រុម​របស់​លោក​កំពុង​តែ​រចនា​ពុម្ព​អក្សរ​ប្រមាណ​ពី​៣០​ទៅ​៤០​ប្រភេទ​ទៀត និង​ត្រៀម​ដាក់​ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ក្រោយពី​ការ​ធ្វើ​តេស្ដ​រួចរាល់​៕
______________________________
ភ្នំពេញ, ថ្ងៃទី១១ ខែ​កញ្ញា ឆ្នាំ២០១៤
អត្ថបទ​ទាំងស្រុង​ពី : ភ្នំពេញប៉ុស្តិ៍

Post a Comment

[blogger]

Author Name

ewafwewefwefwererf

Contact Form

Name

Email *

Message *

អាក្បាលធំ . Powered by Blogger.